ភ្នំពេញ: ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ៖សហភាពអឺរ៉ុបប្រកាសផ្តល់ថវិកាជំនួយប្រមាណ១លានអឺរ៉ូ ដល់អង្គការបរទេស២ សម្រាប់ធ្វើការងារបន្ត ជាមួយអង្គការសមាគមក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើលើគោលដៅអ្វីដែល សហភាពអឺរ៉ុប និយាយថា «ដើម្បីលើកកម្ពស់ការចូលរួមក្នុងនយោបាយ និងដើម្បីពង្រឹងសិទ្ធិទទួលព័ត៌មាន»អង្គការមួយឈ្មោះថា គាំទ្រសារព័ត៌មានឯករាជ្យ ឬហៅកាត់ថា IMS មានមូលដ្ឋាននៅប្រទេសដាណឺម៉ាក នឹងប្រើប្រាស់លុយជំនួយនេះ ដោយសហការជាមួយអង្គការក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា មានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្ស CCHR ជាអតីតអង្គការរបស់លោក កឹម សុខា និងមជ្ឈមណ្ឌលព័ត៌មាន CCIM ដែលជាឆ័ត្រតែមួយជាមួយវិទ្យុ VOD ក៏ជាអតីតបណ្តាញផ្សព្វផ្សាយដែលលោក កឹម សុខា បង្កើតឡើង។
អង្គការមួយទៀតឈ្មោះ អង្គការជំនួយរបស់ប្រជាជនន័រវេស ឬហៅកាត់ថា NPA ក៏បានទទួលលុយពី សហភាពអឺរ៉ុបក្នុងគម្រោង១លានអឺរ៉ូនេះផងដែរ ហើយប្រកាសគ្រោងធ្វើការជាមួយអង្គការក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា ដែលជា អង្គការតស៊ូមតិលើការបោះឆ្នោតមានដូចជា អង្គការ COMFREL និងអង្គការយុវជន YRDP ជាដើម ដើម្បីអ្វីដែលគម្រោងហៅថា លើកកម្ពស់តួនាទី យុវជន និងស្ត្រី ឱ្យចូលរួមក្នុងសកម្មភាព នយោបាយ និងដើម្បីលើកកម្ពស់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ របស់ការិយាល័យសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា។
ប្រទេសកម្ពុជា គ្រោងរៀបចំការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ទំហំថវិកា១លានអឺរ៉ូខាងលើ ដែលគេគ្រោងប្រើប្រាស់នៅកម្ពុជា មានការប៉ាន់ស្មានថា ថវិកាក្នុងចំនួនដ៏តិចតួចបំផុត គឺប្រមាណ២០%ប៉ុណ្ណោះ អាចនឹងត្រូវចែករំលែកទៅអង្គការសមាគមក្នុងស្រុកនៅប្រទេសកម្ពុជា។ ក្រៅពីនោះរង្វង់៨០% នៃថវិកា នឹងត្រូវចំណាយសម្រាប់អង្គការបរទេស ដែលមានបុគ្គលិកជាជនបរទេស យកត្រឡប់ទៅវិញ។
ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា «អ្វីៗហាក់ជាការដៅទុក ជាមួយនឹងគោលបំណងជាក់លាក់របស់បរទេសខ្លះចំពោះកម្ពុជា។ យើងខ្ញុំមិនចោទថា EU លម្អៀងរួចទៅហើយនោះទេ ក្នុងការដៅទុកថាខ្លួននឹងធ្វើការជាមួយអង្គការនេះ តែមិនធ្វើការជាមួយអង្គការនោះ។
យើងខ្ញុំស្វាគមន៍បេសកកម្មការងារ នៅក្នុងប្រទេសរបស់យើងខ្ញុំ ហើយគួរមានការគិតគូរដោយសីលធម៌ចំពោះប្រទេសជាតិយើងខ្ញុំឱ្យបានច្រើន ឱ្យសមមូលជាមួយផលប្រយោជន៍នយោបាយការបរទេសរបស់អ្នកផងដែរ។ យើងខ្ញុំយល់ថា ថវិកានេះតិចតួចស្តួចស្តើងណាស់ ហើយយើងខ្ញុំក៏យល់ឃើញដែរថា ការជ្រើសយកអង្គការតែ៣ឬ៤នៅកម្ពុជា នៅក្នុងចំណោមអង្គការសមាគមនៅកម្ពុជាដែលយើងមានដ៏ច្រើនសន្ធឹកសន្ធាប់រហូតជាង៥ពាន់អង្គការ នោះបើធៀបលើចំនួន ក៏កាន់តែរួមតូចចង្អៀតទៅទៀត។ ដូច្នេះ លទ្ធផលដែលបាន ក៏ប្រហែលមិនអាចទូលំទូលាយដែរ។ EU គួរផ្តល់ជំនួយ១០០ដងច្រើនជាងនេះ ហើយចាប់ដៃគូជាមួយអង្គការនៅកម្ពុជា ឱ្យបាន២-៣រយ អង្គការផ្សេងទៀត ដើម្បីលទ្ធផលបានទូលំទូលាយ»។
ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តថា៖ «យើងខ្ញុំ ក៏សំណូមពរចំពោះ EU និងអង្គការបរទេស២ទៀត ដែលរួមមាន IMS និង NPA កុំដាក់គំនាបខ្លាំងចំពោះអង្គការក្នុងស្រុក ដែលខ្លួនចាប់យកជាភ្នាក់ងារសហការ។ ព្រោះបើម្ចាស់ជំនួយដាក់វិញ្ញាសាច្រើន អ្នកអនុវត្តគាត់អាចអុកឡុកសង្គមខ្លួនឯងដែរ ដើម្បីបានរបាយការណ៍។ របៀបនេះមិនល្អទេ។ ជាមួយគ្នានេះ យើងខ្ញុំសូមអំពាវនាវ ដល់អង្គការក្នុងស្រុករបស់យើង ត្រូវរឹងប៉ឹង ហ៊ានតស៊ូមតិជាមួយម្ចាស់ជំនួយផងដែរ កុំឱ្យគោលបំណងរបស់គេ មកបង្វិលខ្មែរឱ្យប្រឈមគ្នា! លើកតម្កើងខ្មែរដែលជាជាតិសាសន៍ឯងឱ្យខ្ពស់ ឱ្យស្មើសិទ្ធិ ស្មើមុខ ស្មើមាត់ ជាមួយបរទេសគ្រប់កាលៈទេសៈ»។
នៅពេលថ្មីៗនេះ ឯកឧត្តម ហ៊ុយ វណ្ណ: ក៏បានធ្វេីការសំគាល់ថា៖
- សេរីភាពព័ត៌មាននិងការបញ្ចេញមតិ នៅលើ បច្ចេកវិទ្យា Digital និង Online វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ អ្វីដែលគួរជៀសវាង កុំបង្កើត Online ដើម្បីជេរគេ ឬធ្វើជាឧបករណ៍ប្រមូលព័ត៌មានឱ្យបរទេស។ ប្រយ័ត្នអន្តរាយ!
- យើងកំពុងរស់នៅក្នុងសម័យកាលពិភពទិន្នន័យ គឺជា Data World។ ឥឡូវនេះ យើងមិនចាំបាច់កាន់លុយទេ ដោយគ្រាន់តែប្រើធានាគារ Online ។ ព័ត៌មានផ្ទាល់ខ្លួនយើង វាមិននៅតែលើក្រដាសនោះទេ តែវានៅលើ Cyber។ ដូច្នេះ សង្គម ចាំបាច់ត្រូវមាន ច្បាប់ ការពារសុវត្ថិភាពទាំងអស់នេះ។ កុំនាំគ្នាប្រឆាំងការបង្កើត ច្បាប់ ប្រយ័ត្នពេលខ្លួនមានបញ្ហា តើយកអ្វីជាគោលដោះស្រាយ?
- សម័យឌីជីថល ធ្វើជាអ្នកមានលឿន ហើយ ក្រក៏លឿនដែរ។ វាធ្វើឱ្យក្លាហានខាងសម្តី តែក៏ក្លាយជាអ្នកកំសាក លើការទទួលខុសត្រូវដែរ។ ដូច្នេះ អ្វីដែលយើងពង្រឹងភាពឆ្លាតវៃ គឺត្រូវប្រឹងចាប់យកបច្ចេកវិទ្យា និងប្រើប្រាស់វាដោយប្រសិទ្ធភាព និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអប់រំ សេវាកម្ម ការកែប្រែជីវភាពពលរដ្ឋ និងដើម្បីជំរុញសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែប្រសើរ។ កុំមើល បច្ចេកវិទ្យា Digital និង Online ត្រឹមជាជ្រុងនៃមធ្យោបាយអួត និងជេរគ្នា។ មើលវាលើជ្រុង សេវា ការស្រាវជ្រាវ ការអភិវឌ្ឍ និង សេដ្ឋកិច្ច៕
Post a Comment