អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅក្នុងពិធីបុណ្យសមុទ្រជុំទី៣

ខេត្តព្រះសីហនុ    ៖ ថ្ងៃទី៩  -១១  ខែធ្នូ  ឆ្នាំ២០២២  ឆ្លៀតក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រយ៉ាងសប្បាយរីករាយ  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ ជាការពញ្ញាក់អារម្មណ៍និងបន្តចូលរួមកាន់តែសកម្មលេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ខិត្តប័ណ្ណផ្ទាំងរូបភាព សារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗ មាន មួក ប្រតិទិន បន្តោងសោ  ច្បាប់  សម្រាប់ចែកជូនដល់ពួកគាត់យកទៅផ្សព្វផ្សាយ បន្តដល់ក្រុម គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។

ឯកឧត្ដម  ចិន  សាម៉ន   ទីប្រឹក្សា ក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍បានមានប្រសាសថា រាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេគឺតែងទទួលបានការគាំទ្រចូលរួមទស្សនាយ៉ាងច្រេីនកុះករ ដែលជាឱកាសសម្រាប់ក្រុមការងារយេីងឆ្លៀតផ្ញេីសារផ្តល់ចំណេះដឹងដល់ពួកគាត់បង្កេីនបានការយល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។

ថ្លែងក្នុងនាមជាដៃគូ លោក ប៊ូ  រដ្ឋា  នាយកសាខាមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តព្រះសីហនុ  បានថ្លែងថា  ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ជាគ្រឹះស្ថានហិរញ្ញវត្ថូឯកជន ហេីយតែងតែចូលរួមក្នុងសកម្មភាពជួយសង្គមនានាមានជាអាទិ៍៖ ចូលរួមផ្សព្វផ្សាយអប់រំ បញ្ហាអនាម័យតាមសាលារៀន ការប្រលងចម្រៀងកុមារ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដេីមហេីយកន្លងមកបានជួយឧបត្ថម្ភគាំទ្រជាមធ្យោបាយ សម្ភារៈ បម្រេីដល់ការងារសង្គមនានា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក  លឹម  តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ ថា បុណ្យសមុទ្រ ជុំទី៣  ក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព  ឆ្នេរនៃក្តីសង្ឃឹម " នៅខេត្តព្រះសីហនុ  រយ:ពេល៣ថ្ងៃ ( ថ្ងៃ ៩-១១ ខធ្នូ   ឆ្នាំ២០២២  )មានមន្រ្តីរាជការ  ប្រជាពលរដ្ឋ  បានចូលរួមយ៉ាងច្រេីនអធិកអធមនិងបានចូលសិក្សាស្វែងយល់  និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់គ្រួសារ  មិត្តភក្តិ  សំដៅចូលរួមចំណែកកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន  ។ 

ក្នុងឱកាសនោះ ដែរ  ឧត្តមសេនីយ៍ឯក  លឹម  តុងហួត បានថ្លែងបន្ត  ថា  ឯកឧត្ដម  ឧបនាយករដ្ឋមន្ត្រី  កែ  គឹមយ៉ាន  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងថ្នាក់ដឹកនាំក្រសួង  ស្ថាប័ន  ខេត្តមួយចំនួន  បានចូលមកទស្សនានូវស្តង់តាំងពិព័រណនេះ  ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យេីងគ្រប់រូប។ 

ជាមួយគ្នានេះ ដែរ  ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន ដែលជាការងារពហុវិស័យ ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីភាពសុខសាន្តនិងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋ ដេីម្បីអនាគតកូនចៅយេីង។













































Post a Comment

Previous Post Next Post
Sponsored
Sponsored