អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" សរុបចំនួន ១,៣០០ ក្បាល ពីក្រុមការងារសៀវភៅ

នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" សរុបចំនួន ១,៣០០ ក្បាល ប្រគល់ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា 

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត គុណ ញឹម  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ។

ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតម្កល់ទុកនៅបណ្ណាល័យសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជាមូលដ្ឋានឱ្យមន្ត្រី និងសិស្សនិស្សិតឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ ។

ឯកឧត្តម ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន សមាជិកក្រុមប្រឹក្សាសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងជាប្រធានក្រុមការងារសៀវភៅ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។

ឯកឧត្តម បានបន្តថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។  ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ហើយនៅថ្ងៃនេះ គឺក្រុមការងារសៀវភៅបានបញ្ចប់បេសកកម្មទាំង ២៥ រាជធានីខេត្ត ដោយជោគជ័យ និងរលូន ។

ឯកឧត្តម បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ ឯកឧត្តម បានបន្តថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួននៅក្នុងខេត្តចំនួន  ហើយសមាគមមានបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។






































Post a Comment

Previous Post Next Post
Sponsored