អគារសេរីភាព រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២
សេចក្តីថ្លែងការណ៍
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាជុំវិញសារនយោបាយហ្វាស៊ីស អសីលធម៌ ខុសឆ្គង និងប្រកបដោយភាពគ្រោះថ្នាក់
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ ការបញ្ចេញមតិនិងការផ្សព្វផ្សាយនានាទាក់ទិននឹងកិច្ចការកម្ពុជា ហើយបានកត់សំគាល់ឃើញថា ម្តងហើយម្តងទៀត ជាពិសេសកាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ជាបុគ្គលមានចរឹតជ្រុលនិយម បានបន្តប្រមាថចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជន និងបាននិយាយប្រមាថមួលបង្កាច់ជាបន្តបន្ទាប់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំជាតិដែលមានគុណបំណាច់ដ៏ធំធេងលើសលប់ចំពោះជាតិនិងប្រជាជនកម្ពុជា។
ព្រះមហាក្សត្រ ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាច និងមិនលូកលាន់ក្នុងកិច្ចការនយោបាយនោះទេ។ ព្រះមហាក្សត្រ ទ្រង់ជានិមិត្តរូបនៃការឯកភាពជាតិ និងក៏មានចែងនៅក្នុង រដ្ឋធម្មនុញ្ញផងដែរ ថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ សម្តេចតេជោ ហ៊ុន សែន គឺជា ស្ថាបនិកសន្តិភាព និងជាឥស្សរជន កំពូលដែលបានត្រួសត្រាយកម្ពុជា ចាប់តាំងពីចំណុចសូន្យ ជាអ្នកគូសវាសជោគវាសនាកម្ពុជា រហូតមកកាន់ដំណាក់កាលនៃភាពរីកចម្រើនរុងរឿងដូចពេលបច្ចុប្បន្ន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានកត់សម្គាល់ឃើញផងដែរថា សាធារណជនវាយតម្លៃថា អ្វីដែលទណ្ឌិត សម រង្ស៊ី ធ្វើជាបន្តបន្ទាប់ គឺមិនបានគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជននោះទេ ប៉ុន្តែជាទង្វើដែលមានភាពអាត្មានិយម ដើម្បីតែមហិច្ឆតានយោបាយផ្ទាល់ខ្លួន ហើយកំហុសឆ្គងនយោបាយ និងភាពបរាជ័យបានជំរុញឱ្យ ទណ្ឌិត សម រង្ស៊ី គិតឃើញត្រឹមតែភាសាប្រមាថ ដែលបង្ហាញនូវភាពអន់ថយនិងហ្វាស៊ីស។ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ញាតិវង្សានុវង្ស គណបក្សនយោបាយ និង សាធារណជន ថ្កោលទោស ដោយចាត់ទុកថា ជាអំពើក្បត់ជាតិ និងប្រៀបដូចនឹងទង្វើដ៏គ្រោះថ្នាក់របស់ ប៉ុល ពត ដែលជាទមិឡឥតសាសនាបំផ្លិចបំផ្លាញសង្គមជាតិ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការកត់សំគាល់ថា សង្គមជាតិនីមួយៗ រួមទាំងករណីប្រទេសកម្ពុជាយើងផង គឺត្រូវតែមាន តួអង្គ និង ស្ថាប័ន ដែលធានាបានមូលដ្ឋានគ្រឹះនៃការរក្សាលំនឹងជាតិ ដើម្បីពង្រឹងបាននូវស្មារតីសាមគ្គី ឯកភាពជាតិ និងពង្រឹងបាននូវខឿនការពារជាតិ។ មុំដ៏សំខាន់សម្រាប់ទ្រលំនឹងជាតិយើង មានតួអង្គកំពូលទាំងបីគឺ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជន ហើយទោះបីក្នុងតម្លៃណាក៏ដោយ និងក្នុងការគោរពដល់ភាពថ្លៃថ្នូរ កម្ពុជាមិនអាចអនុញ្ញាតឱ្យមានអំពើប្រមាថ ការបំបែកបំបាក់ រួមទាំងការបំផ្លាញចំពោះគុណសម្បត្តិ និងគុណតម្លៃរបស់ ឥស្សរជន និង ស្ថាប័នជាតិនោះឡើយ ព្រោះជាតួអង្គដែលតំណាងឱ្យផលប្រយោជន៍រួមដ៏ឧត្តុង្គឧត្តមរបស់ជាតិនិងប្រជាជន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ស្របនឹងមនោសញ្ចេតនា និងស្មារតីរបស់ប្រជាជនកម្ពុជា ដែលមិនអាចទទួលយកបានចំពោះទង្វើអសីលធម៌របស់ ទណ្ឌិត សម រង្ស៊ី និងបានថ្កោលទោសចំពោះ ទង្វើខុសឆ្គងដ៏គ្រោះថ្នាក់របស់ ទណ្ឌិត សម រង្ស៊ី។ បើទណ្ឌិត សម រង្ស៊ី អន់ថយដោយខ្លួនឯង បរាជ័យដោយខ្លួនឯង គួរតែមានភាពអៀនខ្មាសដោយខ្លួនឯង ដោយមិនត្រូវបង្កើតលេស និងទម្លាក់នូវអ្វីដែលជាកំហុសរបស់ខ្លួន បន្ទោសទៅអ្នកដទៃនោះទេ។
លើសពីនេះ ភាពជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី គឺបានបំពានដោយងងើលចំពោះចំណុចខាងលើជាបន្តបន្ទាប់ រួមទាំងបានជាន់ឈ្លីលើ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិផងដែរ។ នយោបាយជាផ្នែកនៃដំណើរកម្ពុជា ហើយដើម្បីធានាបាននូវស្ថិរភាព សន្តិភាព និងការរីកចម្រើនរបស់សង្គមជាតិ កម្ពុជាមិនត្រូវធ្វេសប្រហែស មិនត្រូវមើលស្រាល និងមិនត្រូវឱ្យកើតមាន ជាថ្មីនូវជនហ្វាស៊ីស ព្រមទាំងមនោគមវិជ្ជារបៀបទមិឡឥតសាសនា មានឱកាសបំផ្លិចបំផ្លាញមាតុភូមិកម្ពុជា បានឡើយ ទាំងក្នុងបច្ចុប្បន្ន និងតទៅអនាគត៕
Post a Comment