សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ចុះអនុស្សារណៈកិច្ចសហប្រតិបត្តិការពង្រឹងវិស័យសារព័ត៌មាន ជាមួយសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លរិដា នៅខេត្តសុរិន្ទ្រ ប្រទេសថៃ
(ពីប្រទេសថៃ): កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៣ សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ចុះអនុស្សារណៈកិច្ចសហប្រតិបត្តិការពង្រឹងវិស័យសារព័ត៌មាន ជាមួយសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លរិដា នៅខេត្តសុរិន្ទ្រ ប្រទេសថៃ ហេីយកិច្ចសហប្រតិបត្តិការពង្រឹងវិស័យសារព័ត៌មាននេះ គឺតបតាមការអញ្ជើញពីសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លរិដា សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដែលដឹកនាំដោយលោកជំទាវបណ្ឌិត មាស សុគន្ធ ប្រធានក្រមប្រឹក្សាភិបាល សមាគម និងលោក សេង រាជសីហ៍ ប្រធានប្រតិបត្តិសមាគម ព្រមទាំងសមាជិកសមាជិកាទាំងអស់សរុបចំនួន១៣ រូបបានធ្វើដំណើរទៅខេត្តសុរិន្ទ្រ ប្រទេសថៃ ។
ហេីយនៅថ្ងៃដដែលនោះក្រុមការងារបានធ្វើទស្សនកិច្ចសិក្សានៅវត្តថៃផាត់ថៈណា ឬវត្តលោកឪសួង ស្រុកភូសិង ខេត្តស៊ីសាកេត លោកឪត្រូវបានគេស្គាល់ជាទេវតាដើរដីឬអ្នកបួសដែលអស់អាល័យនឹងចំណងផ្លូវលោក។នៅទីនោះ ក្រុមការងារបានធ្វើសេចក្តីគោរពនិងបង្អោនចិត្តរំលឹកដល់គុណលោកឪសួង។លោកឪមានចិត្តមេត្តា មានសេចក្តីសន្តោស មានចិត្តស្ងប់រងាប់ពីលោកធម៌។លោកបានបដិបត្តិតាមផ្លូវតាបសផង តាមបែបជាព្រះធុដង្គផង។ លោកចេះ វិធីព្យាបាលជំងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ ។ លោកតាតែងប្រើវិជ្ជានេះដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅ មានជនជាតិសៀមជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះមានចេតោញាណ បេះដូង ជាពូជពង្សខ្មែរ ទើបអាចមាននិស្ស័យរៀនបាន ។
លោកជាទីគោរពនិងជ្រះថ្លា ដល់ពុទ្ធបរិស័ទដែលនៅក្នុងខេត្តសុរិន្ទ្រ ខេត្តស៊ីសាកេត និងខេត្តផ្សេងៗទៀត។លោកឪ សួង ឬលោកតាសួង គឺជាកូនរបស់លោកតាឈួន និងលោកយាយស៊ន ដែលជាអ្នកស្រុកគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ។ លោកតាឈួន ដែលជាឪពុក បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ៨០ឆ្នាំ។ លោកតា សួង កើតនៅភូមិគូលែន ស្រុកគូលែនព្រហ្មទេព នៃខេត្តព្រះវិហារ មានបងប្អូនបង្កើតចំនួន៥នាក់។បន្ទាប់មកបានចូលរួមក្នុងកម្មវិធីកសាងអគារវិទ្យាស្ថានពុទ្ធសាវិកានៅក្នុងស្រុកមឿង ខេត្តសុរិន្ទ្រ។វិទ្យាស្ថានពុទ្ធសាវិកានេះត្រូវបានផ្តួចផ្តើមឡើងដោយសាកលវិទ្យាល័យពោធិសាស្ត្រា ផ្លរិដា ដោយមានលោកសាស្ត្រាចារ្យរង បណ្ឌិតសុរឆៃនិងយាយជីមួយចំនួនជាស្ថាបនិក។
ក្នុងវិទ្យាស្ថាននេះ មានកុមារី តូចៗបានបួសរៀននិងបដិបត្តិតាមព្រះធម៌ក្នុងព្រះពុទ្ធសាសនា។ សាកលវិទ្យាល័យបានសម្លឹងឃើញសក្តានុពលស្ត្រីក្នុងការផ្សព្វផ្សាយព្រះពុទ្ធនិងដោះស្រាយ បញ្ហានានាកើតឡើងចំពោះស្ត្រីតាមវិធីសាស្ត្រព្រះពុទ្ធសាសនា។ដូច្នេះហើយទើបយាយជី និងកុមារីដែលបួសក្នុងគម្រោងរបស់វិទ្យាស្ថានពុទ្ធសាវិកាត្រូវបានផ្តល់អាហារូបករណ៍ឲ្យ១០០%។ក្នុងថ្ងៃបន្ទាប់បានចូលរួមប្រគល់កិត្តិបណ្ឌិត សញ្ញាប័ត្រដល់ព្រះសង្ឃនិងយាយជីដែល មិនបានចូលរួមក្នុងកម្មវិធីទទួលសញ្ញាប័ត្រនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០២២។ ក្នុងវេលាបន្ទាប់សមាគមបានចុះអនុស្សារណៈព្រមព្រៀងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ សារព័ត៌មានជាពិសេសគឺការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ការចែករំលែក និងទស្សនកិច្ចសិក្សា។
អនុស្សារណៈនេះនឹងនាំមកនូវប្រយោជន៍ជាច្រើនវិស័យសារព័ត៌មាននិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺកម្ពុជានិងថៃ។
Post a Comment