ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖ ជ័យជម្នះ ៧មករា ផ្តល់ឱកាសឱ្យយើងកសាងបានសន្តិភាពទាំងស្រុងនៅចុងឆ្នាំ១៩៩៨

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖ ជ័យជម្នះ ៧មករា ផ្តល់ឱកាសឱ្យយើងកសាងបានសន្តិភាពទាំងស្រុងនៅចុងឆ្នាំ១៩៩៨  ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ។ 

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ប្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាន់ព័ន្ធទាំងអស់បែបនេះក្នុងពិធីអបអរសាទរ មីទ្ទិញរំឮកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងពិធីសម្ពោធទីស្នាក់ការគណបក្សក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចតេជោ ហ៊ុន សែន សម្ដេចហេង សំរិន សម្ដេចស ខេង  សម្ដេចសាយ ឈុំ  សម្តេចទៀ បាញ់  លោកជំទាវ ម៉ែន សំអនជូនចំពោះសមាជិក សមាជិកាគណបក្សនិងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។ 

ក្នុងឱកាសនេះដែរ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិដែលតែងតែផ្តល់ការជឿជាក់និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្តកម្ពុជា  និងគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មដើម្បីឯករាជ្យ  សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា ។ 

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃជ័យជម្នះ ៧មករា បានផ្តល់ឱកាសឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨  ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស យើងបានជំនះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក  នាំប្រទេសជាតិចេញផុតពីគ្រោះប្រល័យពូជសាសន៍ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃមានឯកភាពជាតិ ទឹកដី រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមបង្កើតបាននូវសន្តិភាព និតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាទៀងទាត់ ដោយទទួលបានការគាំទ្រ និងសាទរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ឆក់យកអាយុជិវិតប្រជាពលរដ្ឋបានមកវិញពីក្រញាំមច្ចុរាជកូវីដ-១៩ បន្តការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យលើកកម្ពស់បាននូវជីវភាពរនិងការស់នៅរបស់ប្រជាពលរដ្ឋ ។ 

ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាន់ព័ន្ធទាំងអស់បន្តការពារនូវសិមិទ្ធិផលដែលយើងបានខិតខំកសាង និងអភិវឌ្ឍន៍សម្រាប់កូនចៅយើងជំនាន់ក្រោយ និងត្រូវរួមគ្នាបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយអនុវត្តតាមទិសស្លោក “ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព”  និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ ត្រូវបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលជួបការលំបាក រងគ្រោះដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ព្រមទាំងជួយដល់ជនពិកា ចាស់ជរា និងគ្មានទីពឹង។ 

ជាទ្រនាប់ដៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយចែកជូនមនុស្សចាស់នៅក្រុងប៉ោយប៉ែតចំនួន១៤០នាក់ម្នាក់ៗទទួលបានកំសៀវដាំទឹកអគ្គិសនី ពិល ត្រីខ កំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកដោះគោ តែ កៅអៀក អំបិលអ៊ីយ៉ូត បំពង់ហឺត ប្រេងឆា សារុង ក្រមា អាវរងា ថវិកា៥ម៉ឺនរៀល។




























Post a Comment

Previous Post Next Post
Sponsored