ក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បានផ្តល់សៀវភៅជូនបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ១ ចំនួន ១០០ ច្បាប់ សម្រាប់តម្កល់នៅក្នុងបណ្ណាល័យរបស់អង្គភាព

នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងឯកឧត្តម ព្រុំ ហៀង ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ ៖ 

  • ទី១ សម្តេចហ៊ុនសែន_៣យន្ហការឈ្នះកូវីដ១៩ 
  • ទី២ ទឹកចិត្តអ្នកជួយសង្គ្រោះ 
  • ទី៣ អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី និង
  • ទី៤ កូនប្រុសច្បងដ៏មានឥទ្ធិពល សរុបចំនួន ១០០ ច្បាប់ ប្រគល់ជូនបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ១ ដើម្បីតម្កល់ទុកនៅបណ្ណាល័យរបស់អង្គភាព

ក្នុងឱកាសនោះដែរ ឯកឧត្តម ពៅ សុខ បានឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះឡើង គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាព និងគុណបំណាច់របស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។

 ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់កងទ័ព គឺបញ្ជាការដ្ឋានយោធភូមិភាគពិសេស ជាអង្គភាពទី១ ហើយបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ១ ជាអង្គភាពទី២ ដែលបានទទួលសៀវភៅខាងលើនេះ ។ សម្រាប់រដ្ឋបាលខេត្ត និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត គឺខេត្តតាកែវ ជាខេត្តទី១ ដែលទទួលបានសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" នឹងបន្តផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ព្រុំ ហៀង នាយសេនាធិការរង នៃបញ្ជាការដ្ឋានយោធភូមិភាគពិសេស ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃទាំងនេះ។

 ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ ដែលបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ១ ទើបតែបានរៀចំជាបណ្ណាល័យរបស់អង្គភាពរួចរាល់ ។ ឯកឧត្តម បានឲ្យដឹងថា សៀវភៅដ៏មានតម្លៃទាំងអស់នេះ នឹងដាក់តាំងនៅក្នុងបណ្ណាល័យរបស់អង្គភាព សម្រាប់សិក្ខាកាម និងនាយទាហាន ពលទាហាន ទាំងអស់ ចូលអាន និងសិក្សាឈ្វេងយល់ ។


















Post a Comment

Previous Post Next Post
Sponsored