ពិធីប្រគល់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់អិលអូអិលស៊ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី មានប្រសាសន៍ថា៖ “ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យេីងទាំងអស់គ្នា ដោយមិនអាចចាត់ទុកជាការងារផ្តាច់មុខរបស់នរណាម្នាក់ឬក្រុមណាមួយឡេីយ ការដោះស្រាយគឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀនជាបញ្ហារួមចម្បងដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ” ។ លោកបានសំណូមពរ ឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូបរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនដែលនាំឲ្យបំផ្លាញសហគមន៍របស់យើង។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី នឹងបន្តគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹងដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC)ជាដៃគូសហការយ៉ាងសកម្ម ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបានជួយការងារសង្គមនានាមានដូចជាការផ្តល់នូវអណ្តូងទឹកស្អាត កន្លែងលាងដៃ តាមសាលារៀន ការប្រយុទ្ធប្រឆាំងការរីករាលជំងឺរាតត្បាតកូវីដ-១៩ ចរាចរណ៍ និងជួយដល់សកម្មភាពសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាដេីម។ ល។ លោក បានបន្ថែមថា ការចូលរួមអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវការចូលរួមជាចាំបាច់ពីគ្រប់វិស័យ ជាពិសេសពីវិស័យឯកជន ដូចដែលអិលអូអិលស៊ី ដែលបាននឹងកំពុងបន្តធ្វើទាំងពេលនេះ និងពេលអនាគត សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋគ្រប់រួប គ្មានគ្រឿងញៀន គ្មានហិង្សា គ្មានឧក្រិដ្ឋកម្ម។
សូមបញ្ជាក់ថានេះជាលើកទី៨ហើយ ដែលអិលអូអិលស៊ីបានប្រគល់ជូនអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អិលអូអិលស៊ី(LOLC)ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
Post a Comment