ឯកឧត្តម ហ៊ុយ វណ្ណៈ ច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណា ?


ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងក្នុងហ្វេសបុកផ្លូវការផ្ទាល់របស់ឯកឧត្តមនៅពេលថ្មឺៗកន្លងទៅនេះថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមានអង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។ តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?»។


ការលើកឡើងបែបនេះទំនងជាឯកឧត្តម ហ៊ុយ វណ្ណៈ យល់ឃើញថា អង្គភាព និងគណៈកម្មការខ្លះបានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ដោយមើលរំលងច្បាប់របបសារព័ត៌មាន ដែលជាច្បាប់ពិសេសសម្រាប់យកមកអនុវត្តន៍លើអាជីព និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គ្រាដែលការផ្សាយរបស់ពួកគេមិនមានការទាមទារឱ្យកែតម្រូវចុះផ្សាយស្រាយបំភ្លឺឡើងវិញពីសាមីជនដែលបានខកខានមិនបានចូលរួមបញ្ជាក់នៅក្នុងខ្លឹមសារនៃការផ្សាយកាលពីលេខមុន ដែលអ្នកកាសែតបានព្យាយាម ឬអំពាវនាវរកការស្រាយបំភ្លឺមុនពេលអស់លោកទាំងនោះប្រតិកម្ម។


 ឯកឧត្តម ហ៊ុយ វណ្ណៈ ចម្លែកចិត្តការប្រើអំណាចកោះហៅអ្នកកាសែតឱ្យបំភ្លឺរឿងចុះផ្សាយ ច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណាបើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ១០ បានចែងថា ៖ ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួនមានសិទិ្ធទាមទារអោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថៃ្ង(៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។


ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈគ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិតក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះគឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។ 


បើតុលាការរកឃើញថា ការផ្សាយណា មានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីតុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :


ចុះផ្សាយនូវការកែតម្រូវ ឬ សងជម្ងឺចិត្ត ឬ ការចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទ ធ្វើអោយខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះតុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល(១.០០០.០០០រៀល) ទៅ ប្រាំ លាន រៀល (៥.០០០.០០០រៀល) ទៀតក៏ថាបាន។ 


ម៉្យាងទៀតក្នុងករណីចាំបាច់ក្នុងការមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើតុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកនែ្លងទាំងឡាយដែលតុលាការនឹងបញ្ជាក់ ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌‌មានមួយ ឬច្រើន និងឱ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត។


 ឯកឧត្តម ហ៊ុយ វណ្ណៈ ចម្លែកចិត្តការប្រើអំណាចកោះហៅអ្នកកាសែតឱ្យបំភ្លឺរឿងចុះផ្សាយ ច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណា។ សូមរំលឹកថា ក្នុងរយៈពេលចុងក្រោយថ្មីៗនេះអ្នកកាសែត និងចាងហ្វាងកាសែតចំនួនពីររូបហើយត្រូវបានរងបណ្ដឹង និងកោះហៅពីអង្គភាព និងគណៈកម្មការចំណុះឱ្យស្ថាប័នរដ្ឋ ក្រោយការផ្សាយរបស់អង្គភាពសារព័ត៌មាន។


ការដែលមានទិដ្ឋភាពបែបនេះមិនដឹងថា ភាគីទាំងពីរដែលជាអ្នកសារព័ត៌មាន និងតួអង្គត្រូវបានចុះផ្សាយនោះ មើលរំលង ឬក៏មានភាពស្រពេចស្រពិល មិនទាន់យល់ច្បាស់ពីខ្លឹមសារមាត្រា ១០ ឬមាត្រាដទៃទៀតនៃច្បាប់ស្ដីពីរបបសារព័ត៌មាន ឬយ៉ាងណានោះទេ?។ ហេតុដូចនេះ បើមានការបកស្រាយពីអ្នកច្បាប់ឱ្យបានទូលំទូលាយលើបំណងនៃមាត្រា ១០ នេះអាចជាគុណប្រយោជន៍ដល់អ្នកដែលពាក់ព័ន្ធ និងសាធារណៈជន សម្រាប់ត្រិះរិះពិចារណាមុននឹងធ្វើការសម្រេចចិត្ត។ 

សូមមេត្តាចូលរួមគោរពច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន  និងអ្នកសារព័ត៌មានត្រូវគោរពវិជ្ជាជីវ:អ្នកសារព័ត៌មានអោយបានល្អផងដែរ  ដោយគោរពអោយបានតាមអនុសាសន៍របស់សម្តេចតេជោ  ហ៊ុន  សែន  ដែលបានលេីកឡេីងថា  អ្នកសារព័ត៌មានកំរំលោភសិទ្ធអ្នកដទៃកំបំភ្លៃ  ការពិត៕

Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket